Free 100%

អ្នកតាមេស នៅស្រុកបាភ្នំ

    រឿង អ្នកតាមេស នៅស្រុកបាភ្នំ នៅខាងកើតភ្នំបាភ្នំ(ភ្នំខ្សាច់ស) ចម្ងាយប្រមាណជា ១,៥០០ម ខាងអាគ្នេយ៏នៃសាលាស្រុក បាភ្នំសព្វនេះ ប្រហែលជា ៥០០ ម មានភ្នំមួយតូច ស្ថិតនៅក្បែរមាត់ព្រៃកម្កល់ប្រមាណជា ១០ ម ។ នៅលើកំពូលភ្នំនោះ និងនៅជាចន្លោះនៃថ្មភ្នំធំៗដែលបន្ទុបលើគ្នាច្រូងច្រាំង គេឃើញមានរោងមួយ ធ្វើដោយស៊ីម៉ង់ត៏យ៉ាងស្អាត ទំហំប្រហែល ២ ម បួនជ្រុង បែរមុខឆ្ពោះទៅទិសខាងកើតដែលមាន ផ្លូវបូកស៊ីម៉ង់តថែមជាជណ្ដើរបត់បែនឡើង ។ ក្នុងរោងនោះ ផ្នែកពាក់កណ្ដាលខាងក្រោយ គេធ្វើជាថ្នាក់ ខ្ពស់ឡើងប្រហែលកន្លះម៉ែត្រ ភ្ជាប់ទៅនិងថ្មភ្នំដែលលយចូលមកក្នុងរោង ហើយមានគំនូរូប សត្វផ្សេងៗ ។ នៅលើថ្នាក់នោះ មានរូបខាងសាសនាព្រាហ្មណ៏តូចខ្លះ ធំខ្លះ នៅល្អខ្លះបាក់បែកនៅ តែខ្លូន ហើយបូកស៊ីម៉ង់ធ្វើជាក្បាល ដៃ ជើង ថែមឡើងខ្លះ ដាក់តម្រៀបគ្នាជាជួរ៣សង្កាត់ ។ មាន ជើង ១ សម្រាប់ដោតធូប មានរូបដំរីពីរ ធ្វើដោយថ្មពណ៌សពព្រូស នៅសងខាងមានជើងដែលពួកចិន យកទៅថ្វាយ ខាងក្រោយបន្ទាប់នោះមក ជាទីធ្លាក្រាលឥដ្ឋពណ៌ ទូលាយមនុស្សពីរនាក់ ចូលទៅអង្គុយ បន់ស្រន់បានដោយស្រួល ។ ឯរោង និងគ្រឿងសក្ការ:ជារបៀបចិនទាំងអស់ ព្រោះពួកចិនជាអ្នកតាក់តែងធ្វើរោងឡើងជាខាង ក្រោយ ។ ពីដើមអ្នកតានេះធ្លាប់មានអាស្រមរួចមកហើយ តែដល់បាក់បែកទៅ ទើបពួកចិនសាងជាថ្មី ជំនួសឡើង ។ ក្នុងចំណោមរូបទាំង ៣សង្កាត់នោះ ត្រង់សង្កាត់កណ្ដាល មានរូបមួយនៅចំកណ្ដាលគេរូប ឈរ មានកម្ពស់ប្រហែល ៦០ សង្ទីម៉ែត្រ រូបនោះភាពជាស្រ្ដីភេទ សក់ក្បាលទំនងជាបួងញាត់ឡើងលើ ពាក់ក្បាំង មុខរាងមូល ថ្ពាល់ពេញ ដោះក្បំស្រួច មានដៃបួន ដៃខាងស្ដាំបត់មកខាងមុខ ទ្ររបស់អ្វីមួយ រាងចតុកោណកែង ផតកណ្ដាលបន្តិច ដៃខខាងឆ្វេងបត់ឡើងលើ ទន្ទឺមនិងស្មាកាន់កងចក្រ ដៃមួយទៀងសំយុងចុះក្រោម ចាប់កន្ទុយខ្លា ឬ រាជសីហ៍ ជើងឈរជាន់លើសត្វនោះផ្អៀងមកខាងស្ដាំ បន្ដិច មានអាការដូចជាប្រឹងលើសត្វនោះដោយមានទឹកមុខបែបអំនួត(១) ។ តាម្នាក់ឈ្មោះ ដោក ថាន់ អាយុ ៧០ ឆ្នាំ នៅភូមិរោងដំរី ប្របជើងភ្នំខាងជើង ដែលនាំដើរមើល បានប្រាប់យើងថា “ នេះហើយជា រូបអ្នកតាមេល “ ដែលជាធំលើសលែងជាងអ្នកតាទាំងប៉ុន្មានក្នុងស្រុកបាភ្នំ និងជាទីគោរពកោតក្រែង របស់អ្នកស្រុក តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ ។ ឯរូបក្រៅពីនេះ ជាអ្នកតាបន្ទាប់បន្សំ បើ រាប់រូបទាំងអស់ ទាំងអ្នកតាមេសផង ឃើញ ១៥ រូប ។ នៅខាងមុខអ្នកតាមេសនេះប្រហែល ៥០ ម មានអ្នកតាពីរទៀង នៅអមផ្លូវដែលចុះមកពីមេស ហៅថា អ្នកតាទ្វារ ខ្លះហៅថាអ្នកតាឆ្វេងស្ដាំ ។ ខាងមុខអ្នកតានេះ ប្រហែលជា១០ ម ជាកន្លែងកាប់ក្របីថ្វាយអ្នកតា ចម្ងាយពីរទីនេះទៅខាងកើត ប្រមាណ ១០០ម ជាកន្លែងកាប់មនុស្សថ្វាយអ្នកតាកាលជាន់មុន តែសព្វថ្ងៃនេះ ត្រង់ទីនោះជាវាល ស្រែទៅហើយ ។ អំពីពិធីឡើងអ្នកតាមេស កាលពីដើម មិនដដឹងជាពីត្រឹមណាមកទេ ព្រោះគ្មាននរណាចាំបានតែគេតែងដំណាលថា គេតែកាប់មនុស្សថ្វាយអ្នកតាមេសនេះរាល់ឆ្នាំរៀងមក សូម្បីមកដល់សម័យក្រឡាហោម ប៉ាង ធម្នាគេជា ហែន ធម្មាតេជាតី ដែលបានជាអភិបាលខែត្របាភ្នំមកហើយ ក៏នៅមានគេដឹងឬប្រាកដថា មានសម្លាប់មនុស្សថ្វាយនៅឡើយ ។ លោកតាដោក-ថាន់បាននិយាយថា ប្រហែល ៦០ ឆ្នាំមុនក្នុងសម័យលោកឧកញ៉ាតេជោ (ភី) ធ្វើជាអភិបាលខែត្រនោះ គាត់បានទៅមើលគេសម្លាប់មនុស្សថ្វាយអ្នកតា ២ ដង(គឺ ២ឆ្នាំ) ។ កំណត់កាប់មនុស្សឬសត្វ ថ្វាយអ្នកតានោះ គេធ្វើតែនៅថ្ងៃសៅរ៍ ក្នុងខែជេស្ឋ ខ្នើតក៏បាន រនោចក៏បាន ។ តាមពាក្យលោកដោក-ថាន់ អភិបាលស្រុកកំពង់ត្របែកថា គេធ្វើនៅតែថ្ងៃពុធខាងខ្នើត ខែជែស្ឋ តែលោកតាអិន-វ៉ា អាយុ ៧៣ឆ្នាំជាអាចារ្យវត្តប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែកថា គេធ្វើតែក្នុងថ្ងៃអង្គារឬសៅរ៏ ខាងខ្នើតខែពិសាខ(ឬជេស្ឋ) ។ កាសពីដើម ច្រើនតែធ្វើបុណ្យឡើងអ្នកតា យ៉ាងឪឡារឹក៣-៥ឬ៧ថ្ងៃ ព្រមទាំងមានការប្រជុំអស់ទាំងចលសង្កាត់ គ្រប់សង្កាត់ដែលជាចំណុចខែត្រ បាភ្នំជំនាន់ដើមផង ។ គេធ្វើរោងបុណ្យនៅទីវត្តវិហារធំ នៅនាទិសពាយ័ព្យនៃអ្នកតាមេស ចម្ងាយ ប្រហែលជា ១ គម ។ មាននិមន្តព្រះសង្ឃសូត្រមន្តនៅទីនោះ ព្រឹកឡើង និមន្តលោកទៅដារនៅទី អ្នកតាមេសខ្លះ នៅទីអ្នកតាក្រហមនៅឯខាងជើងភ្នំខ្លះ ដារថ្វាយអ្នកតាសព្វឋាននៅត្រង់ចង្កេះភ្នំធំ ខាងលិចខ្លះនៅទីអ្នកតាទួលឈ្នាងនៅលើភ្នំទួល ឈ្នាងខាងត្បូងខ្លះ រាល់ថ្ងៃ ទាល់តែដល់ថ្ងៃសៅរ៏ ត្រូវធ្វើបុណ្យឡើងអ្នកតា ។ អំពីរឿងមនុស្សដែលត្រូវសម្លាប់ថ្វាយអ្នកតានោះ គឺគេយកតែមនុស្សណាដែលមានទោសធ្ងន់ ត្រូវប្រហារជីវិតបង់ ។ មុននឹងសម្លាប់គេហៅមនុស្សនោះ មកនិយាយប្រាប់ឲដឹងខ្លួនជាមុន ហើយ គេបើកឲមនុស្សនោះស៊ីផឹកយ៉ាងឆ្ងាញ់តាមចំណង់នាំទៅឲមើលល្បែង មើលបុណ្យហាក់ដូចជាមនុស្ស ធម្មតា ។ លុះដល់ថ្ងៃសម្លាប់ គេរៀបចំដាក់ឃ្នាងមនុស្សនោះ ហើយដង្ហែចេញទៅពីទីប្រជុំបុណ្យ ដោយ ក្បូនហែយ៉ាងអឹកអធឹក មានទាហានកាន់សស្រ្ដាវធុ ឬកាំភ្លើងមុខក្រោយ ព្រមដោយអ្នកស្រុករាប់ពាន់ នាក់ ហែទៅកាន់ទីអ្នកតាព្រះស្រុក (មេស្រុក) នៅខាងកើតវត្តវិហារធំ ចម្ងាយប្រហែល ៥០០ម ។ គេគំនាប់អ្នកតានោះដោយអុជផាវ បាញ់កាំភ្លើងរួចហើយ ទើបគេហែមនុស្សទោសសំដៅទៅអ្នកតា មេសដែលស្ថិតនៅខាងត្បូងអ្នកតាព្រះស្រុកនេះប្រហែល ៨០០ ម ។ ដល់ហើយ គេក៏រៀបចំបួងសួង បន់ស្រន់ សូមឲអ្នកតាមេសជួយឲស្រុកបានសុខសប្បាយជួយរក្សាអភិបាលស្រុក នាម៉ឺនសព្វមុខមន្រ្តី និងបណ្ដាលរាស្រ្ត ព្រមទាំងសូមឲទឹកភ្លៀងធ្លាក់ចុះមកតាររដូវកាល ។ ល ។ រួចហើយ ទើបគេស្រែកភូមា (យក្សអឺ !) ៣ ដង ទើបអ្នកសម្លាប់ដែលមានងារជាមនោ (អ៊ិន) ដែលកាន់ដាវរាំរែកដើរក្រឡឹងជុំវិញមនុស្សទោស ដាវកាប់តែ១ខ្វាត់ដាច់តែម្ដង ហើយគេសំគាល់ មើល បើឈាមបាញ់ទៅលើ ទៅខាងស្មើគ្នា ជាទឹកភ្លៀងនឹងធ្លាក់ស្មើគ្រប់ស្រុក បើឈាមបាញ់ទៅតែ ខាងណា ថាភ្លៀងនឹងធ្លាក់នៅស្រុកខាងនោះ ។ នាពេលដំណាលគ្នានេះ បានបាញ់កាំភ្លើង អុជផាវ យ៉ាងគគ្រឹកគគ្រេងផង ។ ចំណែកខាងក្រមដែលដង្ហែទៅខាងអ្នកតាករហម អ្នកតាសព្វឋាន និងអ្នក តាទួលឈ្នាង ។ លុះឮសូរកាំភ្លើងខាងអ្នកតាមេសហើយ ទើបបាញ់កាំភ្លើងអុជផាវគំនាប់អ្នកតាខាង ខ្លួនជាលំដាប់បន្ទាប់ៗគ្នាទៅ ។ ឯមនុស្សដែលគេសម្លាប់រួចនោះ គេយកក្បាលទៅដោតថ្វាយអ្នក តាមេស ព្រមទាំងឲយកសាច់ដោតជា ១០០ ច្រនួចថ្វាយផង ។ រួចហើយយកសាច់ ៥០ ច្រនួចទៀតបញ្ជូនទៅថ្វាយអ្នកតាក្រហមក ៥០ ច្រនួចសម្រាប់អ្នកតាសព្វស្ថាន និង ៥០ ច្រនួចទៀត ថ្វាយអ្នកតាទួលឈ្នាង ។ ក្នុងសម័យលោកធម្មាតេជោតីនេះដែរ ដែលតមកខាងក្រោយ គែលែងសម្លាប់មនុស្ស ប្រេជា សម្លាប់ក្របីជំនួសវិញ ប៉ុន្តែគេរើសរកតែក្របីឡើងកមានតម្លៃពី៥០រៀលឡើងទៅ(តម្លៃជំនាន់នោះ) ។ ឯរបៀបរៀបចំធ្វើបុណ្យក៏នៅមានធ្វើដូចគ្នា ។ វេលាដែលគេសម្លាប់ក្របីនោះទៀត ក៏សម្គាល់ ឈាមដូចគ្នានឹងការសម្លាប់ឈាមមនុស្សដូចពោលខាងលើនោះដែរ រួចហើយ គេអារសាច់ក្របីដោត ១០០ច្រនួចថ្វាយអ្នកតាមេស អារភ្លៅ១ឲសុភាឆ្វេង យកទៅថ្វាយអ្នកតាក្រហមក អារភ្លៅ១ទៀត ឲសុភាស្ដាំ យកទៅថ្វាយអ្នកតាសព្វឋាន ។ ឯអ្នកតាទួលឈ្នាងមិនឭនិយាយថាដូចម្ដេចទេ(ប្រហែល ជាគេលែងឡើងយូរហើយ ដោយនៅឆ្ងាយពីគេពេក)។ ប៉ុន្តែ មានការប្លែងម្យ៉ាងចំពោះក្របីដែលគេ សម្លាប់នោះ បើនៅពេលរៀបសម្លាប់ វាស្ទុះរត់រួចពីកន្លែងទៅគេសម្លាប់ថា អ្នកតាមិនទទួល ត្រូវរក ទិញក្របីមួយទៀត យកមកសម្លាប់ថ្វាយវិញ ។ ដល់មកសម័យលោកធម្មាជោប្លុង គេឈប់សម្លាប់ក្របីទៅទៀត គេថ្វាយក្របីទាំងរស់ គិតពីនោះមកដល់ឥឡូវនេះ (១៩៤៤) ប្រហែលម្ភៃឆ្នាំហើយៗគេបែរជាសម្លាប់ជ្រូកជំនួសវិញ ។ លុះតមកខាងក្រោយរហូតដល់សព្វថ្ងៃនេះ គេឈប់ទាំងសម្លាប់ជ្រូកទៅទៀត គឺគេយកតែសាច់ជ្រូក ដែលគេទិញ ចំនួន១០០ច្រនួច ទៅថ្វាយតែម្ដង ។ សម័យខាងក្រោយមក នៅពេលឡើងអ្នកតា តែង មានរូបសម្នឹងចូលជាន់ផង ។ គេបញ្ជាន់រូប ឲអ្នកតាមេសចូលមកសណ្ឋិត រួចគេនាំគ្នាសួរពីសុខទុក្ខក្នុង ស្រុកគ្រប់ប្រការ ។ ល ។ ប្រពន្ធលោកតាដោក-ថាន់ ជារូបសម្នឹងដែលអ្នកតាមេសចូលជាន់រូបនោះស៊ីអ្វី មិនបានទេ អ្នកតាតម្រូវឲស៊ីបាយតែសាបជាធម្មតា ម្ល៉ោះហើយ រូបសម្នឹងនេះក៏រីងរៃទាល់តែស្លាប់ទៅ ។ ឯកិច្ចពិធីឡើងអ្នកតាមេស គេនៅតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំប៉ន្តែធ្វើដោយខ្សត់ខ្សោយណាស់ធ្វើសោះតែ ខាន មិនបានជាអធឹកអធមដូចកាលនៅសង្កាត់នានា ជាខាងក្រោយ ។ ចំណែកពួកនាម៉ឺនដែលមាន បណ្ដាលស័ក្តិធំៗ មិនដែលហ៊ានទៅជិត ឬ ដើរកាត់មុខអ្នកតាមេសឡើយ ដោយជឿថានិងស្លាប់ ឬ ខូចបុណ្យសក្ដិ ។ ក្រោយអំពីអ្នកតាដែលពោលខាងលើនេះ នៅមានអ្នកតាខ្លះទៀតដែលនៅជិតៗគ្នានោះគឺ អ្នកតាទូងស្គរ អ្នកតានាងត្រដាច អ្នកតាសម្ដើងកែវ អ្នកតាព្រះស្រែ អ្នកតាបុះលៀនអ្នកតាច្រកចំបក់ អ្នកតាសូន យក្ស ។ អ្នកតាទាំងអម្បាលមាណនេះ មិនមានរូបទេ មានតែថ្ម២-៣ដុំជាសម្គាល់ ដែល ឃើញមានរូបថ្មច្រើនតែចំពោះអ្នកតាមេសប៉ុណ្ណោះ ។ ( ចប់ ) 
  • pich sinoeun, 0963311563 , sinoeunpich@gmail.com