Free 100%

រឿងៈ មេអំបៅ និង ដង្កូវ

    រឿងៈ មេអំបៅ និង ដង្កូវ ព្រឹកមួយ មេឃស្រឡះភ្លឺថ្លា ផ្ការីកស្គុសស្គាយ បញ្ចេញក្លិនក្រអូបសាយពេញក្នុងឧស្យាន។ក្លិនផ្កាដ៏សែនក្រអូប បានសាយភាយ ទាក់ទាញអារម្មណ៏សត្វទាំងឡាយឲ្យរីករាយស្រស់ថ្លាឡើង។ មេអំបៅដែលជាសត្វដែលចូលចិត្តផ្កាជាងគេបានកំពុងហោះហើរចេញពីស្រោមដង្កូវនាងរបស់ខ្លួនហើយខិតខំស្វែងរកផ្កាដ៏ក្រអូបនិងស្រស់ស្អាតមួយ។ ឃើញហើយ គឺផ្កាមួយនោះមានពណ៌ស្រស់ឆើតឆាយជាងគេ ហើយថែមទាំងមានក្លិនដ៏ក្រអូបឈ្ងុយឈ្ងុបទៀតផង។ឃើញភ្លាមមេអំបៅក៏ប្រញាប់ប្រញាល់ហោះទៅរកផ្កានោះភ្លាម។ទៅដល់ក៏ស្រាប់តែមេអំបៅត្រូវខកបំណងក្រោយបានឃើញកូនដង្កូវតូចមួយមានរូបរាងគួរឲ្យខ្ពើមរអើមកំពុងទំនៅលើផ្កានោះ។ឃើញបែបនោះមេអំបៅក៏និយាយថា៖ -ម្នាលកូនដង្កូវតូចអើយ! ខ្លួនអ្នកអាក្រក់ណាស់ គួរឲ្យខ្ពើមរអើមមិនគួរណាអ្នកមកទុំនៅលើផ្កាដ៏ស្រស់ស្អាត មានក្លិនក្រអូបសាយគួរឲ្យចាប់ចិត្តនោះទេ គួរណាតែអ្នកទៅរកផ្កាណាដែលអាក្រក់ហើយស្មោគរោគដូចជាខ្លួនអ្នកទៅ អ្នកមិនគប្បីមកបំផ្លាញសម្រស់ផ្កានេះឡើយ ទៅចុះទាន់មេឃនៅភ្លឺ…….. -នែ៎! លោកបងមេអំបៅដ៏ស្រស់ស្អាតអើយ បងនិយាយនេះខុសហើយ ផ្កានេះមិនមែនសម្រាប់រូបបងម្នាក់នោះទេ វាក៏ជារបស់ខ្ញុំដែរ ត្បិថរូបខ្ញុំនេះអាក្រក់ពិតមែន តែមិនដល់ថ្នាក់ថាខ្ញុំមិនសមនិងស៊ីផ្កានេះបាននោះទេ រូបខ្ញុំខំមករកផ្កាតាំងពីព្រឹកព្រលឹមស្រាងៗថ្ងែមិនទាន់រះម៉្លេះ បើលោកបងចង់បានម្ដេចមិនមកឲ្យបានមុនខ្ញុំទៅ នេះមកពីលោកបងខ្ជិលច្រអូសមិនព្រមភ្ញាក់ពីព្រលឹម តើផ្កាដ៏ស្រស់ស្អាតនេះគួរបានទៅសត្វកម្ជិលដូចបងឬ? -ត្បិថខ្លួនខ្ជិលពិតមែន តែខ្ញុំមានរូបសម្រស់ស្រស់ស្អាត ឯពណ៌ក៏ស្រស់ឆើតឆាយមិនដូចដង្កូវស្មោគរោគប្រឡាក់ប្រឡូសដូចជាឯងនោះទេ -បងថានេះ មិនពិតនោះទេ ត្បិថអី កាលពីម្សិលមិញលោកបងក៏នៅជាដង្កូវ មានសភាពដូចខ្ញុំអញ្ចឹងដែរ ម៉្ដេចលោកបងឆាប់ភ្លេចកំណើតរបស់ខ្លួនម៉្លេះ? ដូចនេះផ្កានេះគឺជាកម្មសិទ្ធិរបស់យើងទាំងពីរមិនមែនអ្នកណាម្នាក់អាចហួងហែងម្នាក់ឯងវានឡើយ មេអំបៅឭដូច្នេះហើយនឹកខ្មាស់នៅក្នុងចិត្តក៏ហើរគេចចេញទៅបាត់ដោយលែងមានពាក្យតបត។ ចប់
  • Sokmach,  , sokmach.roeurn@gmail.com