Free 100%

ត្រូវស្គាល់ឱកាស

    អាថ៍កំបាំងទី៤

    ត្រូវស្គាល់ឱកាស

    និស្សិតចង់បានឱកាស

         មាននិស្សិតម្នាក់ទើបរៀនចប់ពីសាកលវិទ្យាល័យថ្មីថ្មោង ហើយកំពុងដើរស្វែង រកចាប់ឱកាស។ គាត់បានស្ពាយបង្វិចរកចាប់ឱកាសជាច្រើនខែមកហើយ តែមិនជួបសោះ។ ថ្ងៃមួយពេលគាត់កំពុងដើរ ស្វែងរកឱកាស ដោយមានការនឿយហត់ខ្លាំងពេក គាត់ក៏ដាក់បង្វិចចុះពីស្មា ហើយដេកក្បែរទ្រូងផ្លូវចាំមើលឱកាស។ ភ្លាមៗនោះមានក្មេងម្នាក់ បានយកដុំថ្មមួយដុំមកលក់ឲបុរសនោះ ហើយបានប្រាប់បុរសនោះថា នេះជាករដំណែលរបស់គ្រួសារខ្ញុំ ប៉ុន្តែដោសារឪពុកខ្ញុំឈឺ ខ្ញុំលក់តែ៥០ដុល្លារទេ
         បុរសនោះឆ្លើថា ចេញឲឆ្ងាយពីយើងទៅ ព្រោះយើងពុងតែរង់ចាំឱកាស ក្មេងនោះនៅតែអង្វរដដែល តែបុរសនោះឆ្លើយថា យី! អាចង្រៃ អញប្រាប់ហើយតើ ថាអញមិនទិញទេ អញកំពុងតែរងចាំឱកាស តិចត្រូវឥឡូវអ្ហែង!។ ក្មេងនោះក៏ ចាកចេញពីបុរសនោះទៅ ហើយយកដុំថ្មមានតម្លៃនោះទៅលក់ឲអ្នកផ្សេង។
         បន្ទាប់ពីក្មេងនោះចេញបាត់ទៅ ស្រាប់តែមានបុរសចំណាស់ៗ បីបួននាក់រត់តាម រកក្មេងនោះដើម្បីទិញដុំថ្ម។ បុរសទាំងនោះក៏បានទៅជួបនឹងបុរសដែលរង់ចាំឱកាស ហើយសួរថា តើប្អូនមានឃើញក្មេងម្នាក់ដែលកាន់ដុំថ្មមួយដុំមកលក់ឬទេ? បុរសរង់ចាំឱកាសក៏ឆ្លើយ ថា ខ្ញុំបានដេញវាទៅបាត់ហើយ
         ក្មេងអីមិនដឹងខ្យល់អីសោះ យកដុំថ្មមកលក់ឲយើង ស្មានថាយើងភ្លើ! កុំចង់ បោកប្រាស់មនុស្សធំដូចយើងឲសោះអាវ៉ា ឮបែបនោះ បុរសតាមរកក្មេងក៏និយាយថានែប្អូន! ក្មេងនោះមិនមែនកាន់ដុំថ្មទេ វាកាន់ដុំពេជ្រទេតើ។ ដុំពេជ្រនោះមានតម្លៃរាល់លានដុល្លារ អូ !! ដុំពេជ្រ!។ ឮបែបនោះ បុរសរង់ចាំឱកាសក៏មានការសោកស្តាយហើយប្រឹងស្វះស្វែងតាមរកក្មេងនោះដើម្បីទិញដុំពេជ្រ។
         ប៉ុន្តែទោះជាយ៉ាងណា ក៏វាហួសពេលទៅហើយ ព្រោះក្មេងនោះបានលក់ឲអ្នកកែ ច្នៃពេជ្ររួចទៅហើយ។

    គំនិតពិចារណា

         ពាក្យថាឱកាសគឺជាអ្វី? ឱកាសពិតជាមិនមានពណ៍សម្បុរ ក្លិន រូបរាងនោះទេ ដូច្នោះអ្នកខ្លះគាត់កំពុងតែឈរលើឱកាស អ្នកខ្លះកំពុងចាប់ឱកាសដោយមិនដឹងខ្លួន ប៉ុន្តែនៅពេលដែលពួកគេព្រលែង ឬ ដើរចោលឱកាសនោះ ទើបគេដឹងថាស្តាយក្រោយ ព្រោះវាជាឱកាសល្អសម្រាប់ជីវិតរបស់ពួកគេ ប៉ុន្តែបែរជាគេទាត់ចោលទៅវិញ។
         នៅពេលណាយើងមានអារម្មណ៍ថាស្តាយក្រោយ នោះហើយទើបយើងដឹងថា នេះគឺជាឱកាស។
         ឱកាសខ្លះកើតឡើងចំពោះមនុស្សយើង ដែលយើងតែងគិតថា វាជាការរំខាន ទៅវិញដោយមិនបានចាប់អារម្មណ៍លើវា ហើយបោះបង់វាចោល។
         ជារឿយៗពេលដែលឱកាសមករកយើង យើងមិនបានដឹងទេ តែនៅពេលដែល វាបាត់បង់ទៅហើយ ទើបយើងដឹងថា ឱ! នេះជាឱកាសទេតើ។
         ដូច្នោះដើម្បីទទួលបានឱកាសច្រើនក្នុងជិវិត គឺទាមទារឲយើងកុំមើលនឹងភ្នែក ទទេ កុំដេញនឹងអារម្មណ៍ដ៏កម្រោលរបស់យើង ត្រូវបើកគំនិត ចាប់អារម្មណ៍ ពិនិត្យសង្កេត ពិចារណា ថ្លឹងថ្លែងឲច្បាស់ លាស់នូវព័ត៌មានជាមុន សឹមសម្រេចចិត្តជាក្រោយ។
         ជាការណ៍ពិត មានមនុស្សភាគច្រើនតែងតែនិយាយថា គ្មានឱកាសសោះតែតាម ពិតឱកាសវាមានគ្រប់ពេល គ្រាន់តែឱកាសនោះជាឱកាសដែលធំ ហើយខ្លះទៀតតូច ប៉ុន្តែជាទូទៅយើងមើលនឹងភ្នែកមិន ឃើញទេ តែប្រសិនបើយើងយកគំនិត យកភាពដ៏ឆ្លាតវ៉ៃរបស់យើង យកមកធ្វើការពិចារណាឲបានគ្រប់ជ្រុងជ្រោយនោះ គឺយើងច្បាស់ជាមើលឃើញមិនខាន។
    ឱកាសអ្នកមើលនឹងភ្នែកមិនដឹងទេ តែអ្នកមើលនឹងខួរក្បាលទើបដឹង ដូច្នេះបើអ្នកចង់បានឱកាស អ្នកត្រូវយកខួរក្បាលទៅគិតពិចារណាចំពោះគ្រប់រឿង គ្រប់ហេតុការណ៍ គ្រប់ព្រឹត្តិការណ៍ គ្រប់អភូតហេតុ គ្រប់ឧបវហេតុ និង គ្រប់កាលៈទេសៈ។
  • Vattana Sunta, 012 867773 ,